11. ពួកគេយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្ដុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។
12. មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេម៉េស វាដើរតាមផ្លូវ ទាំងស្រែករោទ៍ តែមិនងាកឆ្វេង ងាកស្ដាំឡើយ។ ស្ដេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេម៉េស។
13. ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។
14. រទេះមកដល់ចម្ការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។
15. ពួកលេវីបានយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេម៉េសនាំគ្នាថ្វាយតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាដល់ព្រះអម្ចាស់។
16. កាលបានឃើញហេតុការណ៍ទាំងអស់នោះហើយ ស្ដេចត្រាញ់ទាំងប្រាំនៃជនជាតិភីលីស្ទីនវិលត្រឡប់មកក្រុងអេក្រូនវិញ នៅថ្ងៃដដែល។