១ សាំយូ‌អែល 6:1-6 Khmer Standard Version (KHSV)

1. ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ទឹក​ដី​ភីលីស្ទីន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ខែ។

2. ជន‌ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ‌អម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។

3. ពួក​គេ​តប​មក​វិញ​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​វិញ សូម​កុំ​បញ្ជូន​ទៅ​ដោយ​ឥត​ផ្ញើ​អ្វី​ទៅ​ជា​មួយ​ឡើយ គឺ​ត្រូវ​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​ជា​សះ‌ស្បើយ ហើយ​ដឹង​អំពី​មូល​ហេតុ​ដែល​ព្រះ‌អង្គ​ដាក់​ទោស​អ្នក​រាល់​គ្នា»។

4. ជន‌ជាតិ​ភីលីស្ទីន​សួរ​ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​តង្វាយ​អ្វី​ទៅ​ថ្វាយ ដើម្បី​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ?»។ ពួក​បូជា‌ចារ្យ និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្ដេច​ត្រាញ់​ទាំង​ប្រាំ នៃ​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្ដេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។

5. ចូរ​ឆ្លាក់​រូប​ឫស‌ដូង‌បាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ព្រះ‌អង្គ​ប្រហែល​ជា​នឹង​បន្ធូរ​បន្ថយ​ទណ្ឌ‌កម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។

6. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ដូច​ជន‌ជាតិ​អេស៊ីប និង​ព្រះចៅ​ផារ៉ោន​ដូច្នេះ? ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។

១ សាំយូ‌អែល 6