1. ហិបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។
2. ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះអម្ចាស់? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។
3. ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកតង្វាយទៅថ្វាយព្រះអង្គ សូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលព្រះអង្គដាក់ទោសអ្នករាល់គ្នា»។