4. លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។
5. ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។
6. ព្រះអម្ចាស់សម្តែងឫទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូឌ គឺព្រះអង្គបង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតឫសដូងបាត។
7. កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកយើងឡើយ ដ្បិតឫទ្ធានុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។
8. ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។