19. រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្ដើមយកហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្ដើមឈឺផ្ទៃ ហើយសម្រាលកូន។
20. ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសម្រាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្ដាប់ ឬឆ្លើយតបទៅពួកគេវិញទេ។
21. នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។
22. នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ» ដ្បិតខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់!