13. កាលបុរសនោះមកដល់ លោកអេលីកំពុងតែអង្គុយលើកៅអី រង់ចាំនៅមាត់ផ្លូវ ចិត្តរបស់លោកអន្ទះសា ដោយនឹកបារម្ភអំពីហិបនៃព្រះជាម្ចាស់។ បុរសនោះចូលមកក្នុងទីក្រុង រួចប្រកាសដំណឹងដល់ប្រជាជន។ អ្នកក្រុងទាំងមូលនាំគ្នាស្រែកយំយ៉ាងខ្លោចផ្សា។
14. កាលឮប្រជាជនស្រែកយំដូច្នេះ លោកអេលីសួរថា៖ «ហេតុអ្វីបានជាមានសម្រែកអឺងកងយ៉ាងនេះ?»។ បុរសនោះក៏ប្រញាប់ប្រញាល់ចូលទៅជម្រាបដំណឹងដល់លោក។
15. នៅគ្រានោះ លោកអេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់លោកងងឹតមើលអ្វីលែងឃើញ។
16. បុរសនោះជម្រាបលោកអេលីថា៖ «ខ្ញុំប្របាទមកពីសមរភូមិ ហើយទើបនឹងរត់មកដល់ថ្ងៃនេះ»។ លោកអេលីក៏សួរថា៖ «យ៉ាងម៉េចទៅហើយ កូនអើយ?»។
17. បុរសដែលនាំដំណឹងមកនោះ ជម្រាបលោកថា៖ «ពួកអ៊ីស្រាអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់ព្រះជាម្ចាស់ក៏ត្រូវគេដណ្ដើមយកទៅដែរ»។
18. ពេលគេរៀបរាប់អំពីហិបរបស់ព្រះជាម្ចាស់មិនទាន់ចប់ស្រួលបួលផង លោកអេលីធ្លាក់ពីកៅអី បោកត្រូវលើជ្រុងទ្វារ បាក់កស្លាប់មួយរំពេច ព្រោះលោកមានវ័យចាស់ជរា ព្រមទាំងធាត់ទៀតផង។ លោកអេលីគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលសែសិបឆ្នាំ។