11. ហិបរបស់ព្រះជាម្ចាស់ត្រូវខ្មាំងដណ្ដើមយកបាន ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាសក៏បាត់បង់ជីវិតដែរ។
12. នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។
13. កាលបុរសនោះមកដល់ លោកអេលីកំពុងតែអង្គុយលើកៅអី រង់ចាំនៅមាត់ផ្លូវ ចិត្តរបស់លោកអន្ទះសា ដោយនឹកបារម្ភអំពីហិបនៃព្រះជាម្ចាស់។ បុរសនោះចូលមកក្នុងទីក្រុង រួចប្រកាសដំណឹងដល់ប្រជាជន។ អ្នកក្រុងទាំងមូលនាំគ្នាស្រែកយំយ៉ាងខ្លោចផ្សា។
14. កាលឮប្រជាជនស្រែកយំដូច្នេះ លោកអេលីសួរថា៖ «ហេតុអ្វីបានជាមានសម្រែកអឺងកងយ៉ាងនេះ?»។ បុរសនោះក៏ប្រញាប់ប្រញាល់ចូលទៅជម្រាបដំណឹងដល់លោក។
15. នៅគ្រានោះ លោកអេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់លោកងងឹតមើលអ្វីលែងឃើញ។
16. បុរសនោះជម្រាបលោកអេលីថា៖ «ខ្ញុំប្របាទមកពីសមរភូមិ ហើយទើបនឹងរត់មកដល់ថ្ងៃនេះ»។ លោកអេលីក៏សួរថា៖ «យ៉ាងម៉េចទៅហើយ កូនអើយ?»។
17. បុរសដែលនាំដំណឹងមកនោះ ជម្រាបលោកថា៖ «ពួកអ៊ីស្រាអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់ព្រះជាម្ចាស់ក៏ត្រូវគេដណ្ដើមយកទៅដែរ»។
18. ពេលគេរៀបរាប់អំពីហិបរបស់ព្រះជាម្ចាស់មិនទាន់ចប់ស្រួលបួលផង លោកអេលីធ្លាក់ពីកៅអី បោកត្រូវលើជ្រុងទ្វារ បាក់កស្លាប់មួយរំពេច ព្រោះលោកមានវ័យចាស់ជរា ព្រមទាំងធាត់ទៀតផង។ លោកអេលីគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលសែសិបឆ្នាំ។
19. រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្ដើមយកហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្ដើមឈឺផ្ទៃ ហើយសម្រាលកូន។
20. ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសម្រាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្ដាប់ ឬឆ្លើយតបទៅពួកគេវិញទេ។
21. នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។
22. នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ» ដ្បិតខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់!