១ សាំយូ‌អែល 31:7-13 Khmer Standard Version (KHSV)

7. កាល​ទ័ព​អ៊ីស្រា‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

8. ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សាក‌សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។

9. ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជា‌ជន​ផង។

10. បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​អាស្តា‌រ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេត‌សាន។

11. អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​សូល។

12. ពួក​ទាហាន​ដ៏​អង់‌អាច​នៅ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេត‌សាន ហើយ​ស្រាយ​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។

13. ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

១ សាំយូ‌អែល 31