1. កងទ័ពភីលីស្ទីនវាយប្រហារកងទ័ពអ៊ីស្រាអែល។ ពលទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រាអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។
2. ពួកភីលីស្ទីនដេញតាមព្រះបាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
3. បន្ទាប់មក ពួកគេសម្រុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យស្ដេចតក់ស្លុតយ៉ាងខ្លាំង។
4. ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។
5. កាលសេនាកាន់គ្រឿងសស្ត្រារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។
6. ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាកាន់គ្រឿងសស្ត្រារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។