7. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកបូជាចារ្យអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូដ*មកឲ្យខ្ញុំ!»។ លោកអបៀថើរក៏ទៅយកអាវអេផូដមកជូន។
8. លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
9. លោកដាវីឌ និងទាហានទាំងប្រាំមួយរយនាក់ ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។
10. លោកដាវីឌ និងទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់ឲ្យនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេក ពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។
11. ពួកគេបានប្រទះឃើញជនជាតិអេស៊ីបម្នាក់ នៅឯវាល ហើយនាំមកជូនលោកដាវីឌ។ គេយកនំប៉័ង និងទឹកឲ្យគាត់បរិភោគ
12. ព្រមទាំងឲ្យនំធ្វើពីផ្លែឧទុម្ពរក្រៀម និងផ្លែទំពាំងបាយជូរក្រៀមពីរកញ្ចប់មកគាត់ដែរ។ ក្រោយពីបានបរិភោគរួចហើយ គាត់ក៏មានកម្លាំងឡើងវិញ ដ្បិតគាត់អត់បាយអត់ទឹកចំនួនបីថ្ងៃបីយប់មកហើយ។
13. លោកដាវីឌសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបាទបោះបង់ខ្ញុំបាទចោលចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំបាទមានជំងឺ។
14. កាលពីមុន ពួកយើងបានទៅរាតត្បាតនៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និងខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។
15. លោកដាវីឌសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំបាទអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមព្រះជាម្ចាស់ថា លោកមិនសម្លាប់ខ្ញុំបាទចោលទេ ហើយក៏មិនប្រគល់ខ្ញុំបាទទៅឲ្យម្ចាស់របស់ខ្ញុំបាទវិញដែរ»។
16. បុរសនោះនាំលោកដាវីឌទៅដល់ពួកអាម៉ាឡេក ដែលស្នាក់នៅពាសពេញក្នុងតំបន់នោះ ហើយកំពុងតែស៊ីផឹកសប្បាយ ដោយសារគេរឹបយកបានជយភ័ណ្ឌដ៏សន្ធឹកសន្ធាប់ ពីស្រុកភីលីស្ទីន និងស្រុកយូដា។
17. លោកដាវីឌវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។
18. លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោកមកវិញដែរ។
19. លោកដាវីឌបានដណ្ដើមយកអ្វីៗទាំងអស់មកវិញ។ ពួកលោកមិនបាត់បង់នរណាម្នាក់សោះឡើយ គឺគេបាននាំក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស ទាំងកូនស្រី ហើយដណ្ដើមជយភ័ណ្ឌ និងអ្វីៗដែលខ្មាំងសត្រូវនាំយកទៅនោះមកវិញដែរ។