11. ពួកគេបានប្រទះឃើញជនជាតិអេស៊ីបម្នាក់ នៅឯវាល ហើយនាំមកជូនលោកដាវីឌ។ គេយកនំប៉័ង និងទឹកឲ្យគាត់បរិភោគ
12. ព្រមទាំងឲ្យនំធ្វើពីផ្លែឧទុម្ពរក្រៀម និងផ្លែទំពាំងបាយជូរក្រៀមពីរកញ្ចប់មកគាត់ដែរ។ ក្រោយពីបានបរិភោគរួចហើយ គាត់ក៏មានកម្លាំងឡើងវិញ ដ្បិតគាត់អត់បាយអត់ទឹកចំនួនបីថ្ងៃបីយប់មកហើយ។
13. លោកដាវីឌសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបាទបោះបង់ខ្ញុំបាទចោលចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំបាទមានជំងឺ។
14. កាលពីមុន ពួកយើងបានទៅរាតត្បាតនៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និងខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។
15. លោកដាវីឌសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំបាទអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមព្រះជាម្ចាស់ថា លោកមិនសម្លាប់ខ្ញុំបាទចោលទេ ហើយក៏មិនប្រគល់ខ្ញុំបាទទៅឲ្យម្ចាស់របស់ខ្ញុំបាទវិញដែរ»។
16. បុរសនោះនាំលោកដាវីឌទៅដល់ពួកអាម៉ាឡេក ដែលស្នាក់នៅពាសពេញក្នុងតំបន់នោះ ហើយកំពុងតែស៊ីផឹកសប្បាយ ដោយសារគេរឹបយកបានជយភ័ណ្ឌដ៏សន្ធឹកសន្ធាប់ ពីស្រុកភីលីស្ទីន និងស្រុកយូដា។
17. លោកដាវីឌវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។
18. លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោកមកវិញដែរ។