1. នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកម្ទេចក្រុងស៊ីគឡាក់ចោល
2. ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្តដំណើរទៅមុខទៀត។
3. កាលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកមកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធ កូនប្រុស កូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ
4. លោកដាវីឌ និងអស់អ្នកដែលនៅជាមួយនាំគ្នាស្រែកទ្រហោយំ រហូតទាល់តែលែងមានកម្លាំងយំទៀត។
5. ភរិយាទាំងពីរនាក់របស់លោកដាវីឌ គឺនាងអហ៊ីណោមដែលជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាប្រពន្ធរបស់សពលោកណាបាល អ្នកភូមិកើមែល ក៏ត្រូវគេកៀរយកទៅដែរ។
6. ពេលនោះ លោកដាវីឌមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយលោកគិតគ្នាចង់យកដុំថ្មគប់សម្លាប់លោក ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌ ប្រទានឲ្យលោកមានកម្លាំងចិត្តឡើងវិញ។
7. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកបូជាចារ្យអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូដ*មកឲ្យខ្ញុំ!»។ លោកអបៀថើរក៏ទៅយកអាវអេផូដមកជូន។
8. លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
9. លោកដាវីឌ និងទាហានទាំងប្រាំមួយរយនាក់ ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។
10. លោកដាវីឌ និងទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់ឲ្យនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេក ពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។