១ សាំយូ‌អែល 3:1-9 Khmer Standard Version (KHSV)

1. កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​កម្រ​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះ‌អង្គ​ដែរ។

2. ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក

3. រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី‌សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់។

4. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

5. ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត សាំយូ‌អែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។

7. កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះ‌អង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។

9. លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។

១ សាំយូ‌អែល 3