1. កុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ជាមួយលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីព្រះអង្គដែរ។
2. ពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្ដើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក
3. រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់។
4. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!»
5. ហើយរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកអេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកវិញ។
6. ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត សាំយូអែលក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ កូនអើយ!»។
7. កុមារសាំយូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមកទល់ពេលនោះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេនៅឡើយ។
8. ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ លោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថាព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។