1. កុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ជាមួយលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីព្រះអង្គដែរ។
2. ពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្ដើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក
3. រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់។
4. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!»
5. ហើយរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកអេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកវិញ។