2. ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
3. ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។
4. ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។
5. គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា:“ព្រះបាទសូលប្រហារបានរាប់ពាន់នាក់រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។
6. ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។
7. ដូច្នេះ សូមលោកវិលត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ។ សូមអញ្ជើញទៅដោយសុខសាន្ត មិនត្រូវធ្វើឲ្យស្ដេចត្រាញ់ទាំងនោះទាស់ចិត្តឡើយ»។
8. លោកដាវីឌទូលព្រះបាទអគីសថា៖ «បពិត្រព្រះករុណាជាអម្ចាស់ តើទូលបង្គំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលទូលបង្គំមកបម្រើព្រះករុណា រហូតដល់ពេលនេះ តើទ្រង់ទតឃើញថា ទូលបង្គំមានកំហុសអ្វីខ្លះដែរ បានជាទូលបង្គំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ព្រះករុណាដូច្នេះ?»។