1. ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។
2. ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
3. ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។
4. ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។
5. គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា:“ព្រះបាទសូលប្រហារបានរាប់ពាន់នាក់រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។
6. ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។
7. ដូច្នេះ សូមលោកវិលត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ។ សូមអញ្ជើញទៅដោយសុខសាន្ត មិនត្រូវធ្វើឲ្យស្ដេចត្រាញ់ទាំងនោះទាស់ចិត្តឡើយ»។