8. ព្រះបាទសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្ដេចយាងទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយមានរាជឱង្ការទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។
9. ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។
10. ព្រះបាទសូលបានស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា «នាងមិនទទួលទោសអ្វីក្នុងរឿងនោះឡើយ»។
11. ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូអែលឲ្យខ្ញុំ!»។
12. ពេលស្ត្រីនោះឃើញលោកសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ព្រះករុណាជាព្រះបាទសូលទេតើ!»។
13. ព្រះរាជាមានរាជឱង្ការថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះ ទូលថា៖ «ខ្ញុំម្ចាស់ឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។
14. ស្ដេចសួរទៀតថា៖ «តើគេមានទ្រង់ទ្រាយដូចម្ដេចដែរ?»។ នាងទូលថា៖ «គឺមនុស្សចាស់ម្នាក់ដណ្ដប់អាវធំ កំពុងតែឡើងមក»។ ព្រះបាទសូលជ្រាបភ្លាមថាជាលោកសាំយូអែល ស្ដេចក៏ក្រាបចុះ អោនព្រះភ័ក្ត្រដល់ដី។
15. លោកសាំយូអែលទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយព្រះជាម្ចាស់បោះបង់ខ្ញុំចោល ព្រះអង្គលែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈព្យាការី ឬការយល់សប្ដិក្ដី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។
16. លោកសាំយូអែលទូលថា៖ «ហេតុអ្វីបានជាព្រះករុណាសួរយោបល់ពីទូលបង្គំដូច្នេះ? ព្រះអម្ចាស់បានបោះបង់ព្រះករុណាចោល ហើយព្រះអង្គក្លាយទៅជាបច្ចាមិត្តរបស់ព្រះករុណា។