7. ព្រះបាទសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ រាជបម្រើទូលស្ដេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។
8. ព្រះបាទសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្ដេចយាងទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយមានរាជឱង្ការទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។
9. ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។
10. ព្រះបាទសូលបានស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា «នាងមិនទទួលទោសអ្វីក្នុងរឿងនោះឡើយ»។
11. ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូអែលឲ្យខ្ញុំ!»។
12. ពេលស្ត្រីនោះឃើញលោកសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ព្រះករុណាជាព្រះបាទសូលទេតើ!»។
13. ព្រះរាជាមានរាជឱង្ការថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះ ទូលថា៖ «ខ្ញុំម្ចាស់ឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។