១ សាំយូ‌អែល 28:14-19 Khmer Standard Version (KHSV)

14. ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់‌ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះ‌បាទ​សូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាំយូ‌អែល ស្ដេច​ក៏​ក្រាប​ចុះ អោន​ព្រះ‌ភ័ក្ត្រ​ដល់​ដី។

15. លោក​សាំយូ‌អែល​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ​ឡើង​មក​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ‌ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះ‌ជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

16. លោក​សាំយូ‌អែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះ‌អម្ចាស់​បាន​បោះ​បង់​ព្រះ‌ករុណា​ចោល ហើយ​ព្រះ‌អង្គ​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា។

17. ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា ស្រប​តាម​ព្រះ‌បន្ទូល ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះ‌អង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះ‌ករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ

18. ដ្បិត​ព្រះ‌ករុណា​ពុំ​បាន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ គឺ​ព្រះ‌ករុណា​ពុំ​បាន​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ។

19. ព្រះ‌អម្ចាស់​នឹង​ប្រគល់​ព្រះ‌ករុណា ព្រម​ទាំង​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះ‌ករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។

១ សាំយូ‌អែល 28