1. នៅគ្រានោះ ជនជាតិភីលីស្ទីនបានប្រមូលកងពលរបស់ពួកគេមកផ្ដុំគ្នាជាកងទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ព្រះបាទអគីសមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថាលោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកងពលរបស់យើង»។
2. លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាស្រាប់ហើយ ដូច្នេះ ព្រះករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខងារណាមួយបាន»។ ព្រះបាទអគីសមានរាជឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។
3. នៅគ្រានោះ លោកសាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រាអែល។
4. ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្ដុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯព្រះបាទសូលក៏ប្រមូលកងពលអ៊ីស្រាអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។
5. កាលព្រះបាទសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន ទ្រង់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។
6. ព្រះបាទសូលទូលសួរព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គមិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្ដិ ការផ្សងយូរីម* ឬតាមរយៈព្យាការីក្ដី។
7. ព្រះបាទសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ រាជបម្រើទូលស្ដេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។
8. ព្រះបាទសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្ដេចយាងទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយមានរាជឱង្ការទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។
9. ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។
10. ព្រះបាទសូលបានស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា «នាងមិនទទួលទោសអ្វីក្នុងរឿងនោះឡើយ»។
11. ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូអែលឲ្យខ្ញុំ!»។
12. ពេលស្ត្រីនោះឃើញលោកសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ព្រះករុណាជាព្រះបាទសូលទេតើ!»។