6. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្ដេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។
7. យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហាន ដេកលក់នៅជុំវិញស្ដេច។
8. លោកអប៊ីសាយជម្រាបលោកដាវីឌថា៖ «យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។
9. ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំធ្វើគុតព្រះករុណា ដ្បិតអ្នកណាលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួនឡើយ»។
10. លោកដាវីឌមានប្រសាសន៍ទៀតថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ! ដូច្នេះ មានតែព្រះអង្គទេដែលផ្ដាច់ជីវិតស្ដេច ដោយឲ្យស្ដេចសុគតមកពីអស់អាយុ ឬសុគតនៅសមរភូមិ។
11. ប៉ុន្តែ សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្ដេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។
12. លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសូល ហើយនាំគ្នាចាកចេញទៅ ដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះព្រះអម្ចាស់ធ្វើឲ្យពួកគេដេកលង់លក់ ឥតដឹងខ្លួន។
13. លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំ ដែលនៅដាច់ឆ្ងាយពីជំរំ។
14. លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្ដេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅព្រះករុណាដូច្នេះ?»។