១ សាំយូ‌អែល 26:2-15 Khmer Standard Version (KHSV)

2. ដូច្នេះ ព្រះ‌បាទ​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្ដេច​នាំ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។

3. ស្ដេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ព្រះ‌បាទ​សូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោ‌ស្ថាន

4. លោក​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍​រួច​ដឹង​ថា ព្រះ‌បាទ​សូល​យាង​មក​ដល់​ប្រាកដ​មែន។

5. ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះ‌បាទ​សូល។ លោក​ឃើញ​កន្លែង​ដែល​ស្ដេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​ជា​មេ‌ទ័ព​របស់​ស្ដេច​សម្រាន្ដ​ដែរ។ ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំ‌វិញ។

6. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។

7. យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ី‌សាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន ដេក​លក់​នៅ​ជុំ‌វិញ​ស្ដេច។

8. លោក​អប៊ី‌សាយ​ជម្រាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះ‌ជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។

9. ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះ‌ករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។

10. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​ឲ្យ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរ‌ភូមិ។

11. ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។

12. លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះ‌បាទ​សូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លង់‌លក់ ឥត​ដឹង​ខ្លួន។

13. លោក​ដាវីឌ​ឆ្លង​ទៅ​ភ្នំ​ម្ខាង​ទៀត ហើយ​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ជំរំ។

14. លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ី‌នើរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ី‌នើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះ‌ករុណា​ដូច្នេះ?»។

15. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន ឬ​មិន​មែន! នៅ​ស្រុក​អ៊ីស្រា‌អែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជា‌ជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក។

១ សាំយូ‌អែល 26