16. ខ្ញុំសុំជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកលោកគួរតែស្លាប់ ដោយមិនបានរក្សាការពារម្ចាស់របស់ខ្លួន គឺស្ដេចដែលព្រះអម្ចាស់បានអភិសេក។ មើល! នេះនែ៎ លំពែងរបស់ព្រះករុណា និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្ដេច!»។
17. ព្រះបាទសូលស្គាល់សំឡេងរបស់លោកដាវីឌ ក៏មានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ លោកដាវីឌទូលតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គឺទូលបង្គំមែន!»។
18. លោកទូលទៀតថា៖ «ហេតុអ្វីព្រះករុណាជាអម្ចាស់ ចេះតែតាមចាប់ទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើទូលបង្គំប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ?
19. សូមព្រះករុណាជាអម្ចាស់មេត្តាសណ្ដាប់ពាក្យទូលបង្គំ នៅពេលនេះផង។ ប្រសិនបើព្រះអម្ចាស់ជំរុញព្រះករុណាឲ្យប្រព្រឹត្តដូច្នេះចំពោះទូលបង្គំ នោះសូមព្រះអម្ចាស់ទទួលយកតង្វាយមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញព្រះករុណាវិញ សូមឲ្យពួកគេត្រូវបណ្ដាសានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតថ្ងៃនេះ ពួកគេបណ្ដេញទូលបង្គំមិនឲ្យរស់នៅលើទឹកដី ដែលព្រះអម្ចាស់ប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញទូលបង្គំឲ្យទៅគោរពព្រះឯទៀត
20. តែទូលបង្គំមិនចង់ឲ្យគេបង្ហូរឈាមទូលបង្គំឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ឡើយ។ ព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលតាមធ្វើសឹកនឹងទូលបង្គំ ដែលគ្រាន់តែជាចៃមួយដ៏តូចប៉ុណ្ណោះ ព្រះករុណាដេញតាមទូលបង្គំ ដូចគេដេញបាញ់សត្វទទានៅលើភ្នំ»។
21. ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ បិតាខុសហើយ! ចូរវិលត្រឡប់មកវិញ បិតាឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យបិតា។ បិតាបានប្រព្រឹត្តដូចជាមនុស្សលេលា បិតាបានធ្វើខុសយ៉ាងធ្ងន់»។
22. លោកដាវីឌទូលថា៖ «នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឲ្យមកយកទៅវិញចុះ!
23. សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូលបង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ។
24. ថ្ងៃនេះ ព្រះជន្មរបស់ព្រះករុណាមានតម្លៃចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំក៏មានតម្លៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យ៉ាងនោះដែរ ហើយសូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។
25. ព្រះបាទសូលមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «ដាវីឌកូនអើយ សូមព្រះជាម្ចាស់ប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។លោកដាវីឌក៏បន្តដំណើរទៅមុខទៀត រីឯព្រះបាទសូល ក៏វិលទៅកាន់ដំណាក់វិញដែរ។