1. អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅគាល់ព្រះបាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។
2. ដូច្នេះ ព្រះបាទសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោកដាវីឌ។ ស្ដេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រាអែល ចំនួនបីពាន់នាក់ទៅជាមួយ។
3. ស្ដេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ លោកដាវីឌរស់នៅក្នុងវាលរហោស្ថាន ហើយឃើញព្រះបាទសូលតាមរកចាប់ខ្លួនលោក នៅវាលរហោស្ថាន
4. លោកក៏ចាត់មនុស្សឲ្យទៅស៊ើបការណ៍រួចដឹងថា ព្រះបាទសូលយាងមកដល់ប្រាកដមែន។
5. ពេលនោះ លោកដាវីឌចេញដំណើរទៅដល់ជំរំរបស់ព្រះបាទសូល។ លោកឃើញកន្លែងដែលស្ដេចផ្ទំ ហើយឃើញកន្លែងដែលលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងជាមេទ័ពរបស់ស្ដេចសម្រាន្ដដែរ។ ព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ហើយពលទ័ពបោះជំរំជុំវិញ។
6. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្ដេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។