33. សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យនាងមានយោបល់ល្អ។ សូមព្រះជាម្ចាស់ប្រទានពរដល់នាង ព្រោះថ្ងៃនេះ នាងបានឃាត់ខ្ញុំមិនឲ្យបង្ហូរឈាម និងសងសឹកដោយផ្ទាល់ដៃ។
34. ព្រះអម្ចាស់ពិតជាឃាត់ខ្ញុំមិនឲ្យធ្វើបាបនាងមែន ដ្បិតប្រសិនបើនាងមិនប្រញាប់ប្រញាល់មកជួបខ្ញុំទេ នោះខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលមានព្រះជន្មគង់នៅថា ពេលថ្ងៃរះ មុខជាគ្មានបុរសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់លោកណាបាល នៅមានជីវិតឡើយ»។
35. លោកដាវីឌសុខចិត្តទទួលយកជំនូន ដែលនាងអប៊ីកែលនាំយកមកជូន រួចលោកមានប្រសាសន៍ថា៖ «សូមនាងវិលត្រឡប់ទៅផ្ទះវិញ ដោយសុខសាន្តចុះ ខ្ញុំស្ដាប់តាមពាក្យអង្វររបស់នាងហើយ ខ្ញុំនឹងធ្វើតាមពាក្យរបស់នាង!»។
36. ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្ដេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់លោក រហូតដល់ថ្ងៃរះ។
37. លុះព្រឹកឡើង ពេលលោកស្វាងស្រា ភរិយារបស់លោករៀបរាប់ប្រាប់នូវហេតុការណ៍ដែលកើតមាន។ ឮដូច្នោះ លោកណាបាលក៏គាំងបេះដូងដេកស្ដូកនៅមួយកន្លែង។