24. នាងក្រាបសំពះបាតជើងលោក ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្ដាប់ពាក្យរបស់នាងខ្ញុំផង!
25. សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជន ដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។
26. លោកម្ចាស់អើយ ឥឡូវនេះ នាងខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកម្ចាស់ផ្ទាល់ ដែលមានជីវិតរស់នៅថា ព្រះអម្ចាស់បានឃាត់លោកមិនឲ្យទៅបង្ហូរឈាម ដើម្បីសងសឹក ដោយដៃរបស់លោកម្ចាស់ផ្ទាល់ឡើយ។ សូមឲ្យខ្មាំងសត្រូវរបស់លោកម្ចាស់ ព្រមទាំងអស់អ្នកដែលចង់ធ្វើអាក្រក់ចំពោះលោកម្ចាស់ ទទួលទោសដូចលោកណាបាលដែរ។
27. សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។
28. សូមលោកមេត្តាអត់ទោសឲ្យនាងខ្ញុំផង។ ព្រះអម្ចាស់ប្រាកដជាប្រោសប្រទានរាជសម្បត្តិដ៏គង់វង្សជូនលោក ដ្បិតលោកម្ចាស់ចូលរួមធ្វើសង្គ្រាមរបស់ព្រះអម្ចាស់។ ម្យ៉ាងទៀត អស់មួយជីវិតរបស់លោកម្ចាស់ គ្មាននរណាឃើញថាលោកប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ។
29. មានគេប្រឆាំង តាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែព្រះអម្ចាស់ ជាព្រះរបស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ព្រះអង្គបោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
30. នៅពេលព្រះអម្ចាស់ប្រោសប្រទានពរទាំងប៉ុន្មានដល់លោកម្ចាស់ ដូចទ្រង់បានសន្យា គឺនៅពេលព្រះអង្គតែងតាំងលោកជាមគ្គុទេ្ទសក៍លើប្រជាជនអ៊ីស្រាអែល
31. លោកម្ចាស់មិនត្រូវសោកស្ដាយ ឬមានវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាព្រះអម្ចាស់ប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។
32. លោកដាវីឌតបទៅនាងអប៊ីកែលវិញថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានចាត់នាងឲ្យមកជួបខ្ញុំ នៅថ្ងៃនេះ។
33. សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យនាងមានយោបល់ល្អ។ សូមព្រះជាម្ចាស់ប្រទានពរដល់នាង ព្រោះថ្ងៃនេះ នាងបានឃាត់ខ្ញុំមិនឲ្យបង្ហូរឈាម និងសងសឹកដោយផ្ទាល់ដៃ។
34. ព្រះអម្ចាស់ពិតជាឃាត់ខ្ញុំមិនឲ្យធ្វើបាបនាងមែន ដ្បិតប្រសិនបើនាងមិនប្រញាប់ប្រញាល់មកជួបខ្ញុំទេ នោះខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលមានព្រះជន្មគង់នៅថា ពេលថ្ងៃរះ មុខជាគ្មានបុរសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់លោកណាបាល នៅមានជីវិតឡើយ»។
35. លោកដាវីឌសុខចិត្តទទួលយកជំនូន ដែលនាងអប៊ីកែលនាំយកមកជូន រួចលោកមានប្រសាសន៍ថា៖ «សូមនាងវិលត្រឡប់ទៅផ្ទះវិញ ដោយសុខសាន្តចុះ ខ្ញុំស្ដាប់តាមពាក្យអង្វររបស់នាងហើយ ខ្ញុំនឹងធ្វើតាមពាក្យរបស់នាង!»។
36. ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្ដេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់លោក រហូតដល់ថ្ងៃរះ។
37. លុះព្រឹកឡើង ពេលលោកស្វាងស្រា ភរិយារបស់លោករៀបរាប់ប្រាប់នូវហេតុការណ៍ដែលកើតមាន។ ឮដូច្នោះ លោកណាបាលក៏គាំងបេះដូងដេកស្ដូកនៅមួយកន្លែង។
38. ប្រមាណជាដប់ថ្ងៃក្រោយមក ព្រះអម្ចាស់បានប្រហារលោក ហើយលោកក៏ទទួលមរណភាព។
39. កាលលោកដាវីឌឮដំណឹងថាលោកណាបាលស្លាប់ លោកពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយព្រះអង្គបានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ ព្រះអម្ចាស់បានធ្វើឲ្យអំពើអាក្រក់នេះធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។បន្ទាប់មក លោកដាវីឌចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។