23. ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌអោនមុខដល់ដី។
24. នាងក្រាបសំពះបាតជើងលោក ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្ដាប់ពាក្យរបស់នាងខ្ញុំផង!
25. សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជន ដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។
26. លោកម្ចាស់អើយ ឥឡូវនេះ នាងខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកម្ចាស់ផ្ទាល់ ដែលមានជីវិតរស់នៅថា ព្រះអម្ចាស់បានឃាត់លោកមិនឲ្យទៅបង្ហូរឈាម ដើម្បីសងសឹក ដោយដៃរបស់លោកម្ចាស់ផ្ទាល់ឡើយ។ សូមឲ្យខ្មាំងសត្រូវរបស់លោកម្ចាស់ ព្រមទាំងអស់អ្នកដែលចង់ធ្វើអាក្រក់ចំពោះលោកម្ចាស់ ទទួលទោសដូចលោកណាបាលដែរ។
27. សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។
28. សូមលោកមេត្តាអត់ទោសឲ្យនាងខ្ញុំផង។ ព្រះអម្ចាស់ប្រាកដជាប្រោសប្រទានរាជសម្បត្តិដ៏គង់វង្សជូនលោក ដ្បិតលោកម្ចាស់ចូលរួមធ្វើសង្គ្រាមរបស់ព្រះអម្ចាស់។ ម្យ៉ាងទៀត អស់មួយជីវិតរបស់លោកម្ចាស់ គ្មាននរណាឃើញថាលោកប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ។
29. មានគេប្រឆាំង តាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែព្រះអម្ចាស់ ជាព្រះរបស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ព្រះអង្គបោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
30. នៅពេលព្រះអម្ចាស់ប្រោសប្រទានពរទាំងប៉ុន្មានដល់លោកម្ចាស់ ដូចទ្រង់បានសន្យា គឺនៅពេលព្រះអង្គតែងតាំងលោកជាមគ្គុទេ្ទសក៍លើប្រជាជនអ៊ីស្រាអែល
31. លោកម្ចាស់មិនត្រូវសោកស្ដាយ ឬមានវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាព្រះអម្ចាស់ប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។
32. លោកដាវីឌតបទៅនាងអប៊ីកែលវិញថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានចាត់នាងឲ្យមកជួបខ្ញុំ នៅថ្ងៃនេះ។