14. មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «លោកដាវីឌបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខលោកម្ចាស់របស់យើង តែលោកបានជេរប្រមាថពួកគេ។
15. តាមពិត ពួកគេល្អនឹងយើងណាស់ ពួកគេមិនដែលប្រព្រឹត្តអ្វីអាក្រក់ចំពោះយើងទេ ហើយក្នុងពេលយើងនៅជាមួយពួកគេ ឯទីវាលនោះ យើងពុំដែលបាត់បង់អ្វីឡើយ។
16. ពួកគេប្រៀបដូចជាកំពែងការពារយើង ទាំងថ្ងៃ ទាំងយប់ ក្នុងអំឡុងពេលយើងឃ្វាលចៀមនៅជិតពួកគេ។
17. ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់លោកម្ចាស់ និងក្រុមគ្រួសារទាំងមូលមិនខាន។ លោកម្ចាស់យើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយលោកបានទេ»។
18. នាងអប៊ីកែលប្រញាប់ប្រញាល់យកនំប៉័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមដែលគេរៀបចំជាស្រេចចំនួនប្រាំក្បាល លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ និងនំផ្លែឧទុម្ពរក្រៀមពីររយ ផ្ទុកលើខ្នងលា
19. រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។
20. នាងបានជិះលាសសៀរចុះតាមភ្នំ។ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។
21. លោកដាវីឌទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះគេ។
22. ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំយ៉ាងធ្ងន់ធ្ងរចុះ»។
23. ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌអោនមុខដល់ដី។
24. នាងក្រាបសំពះបាតជើងលោក ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្ដាប់ពាក្យរបស់នាងខ្ញុំផង!
25. សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជន ដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។
26. លោកម្ចាស់អើយ ឥឡូវនេះ នាងខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកម្ចាស់ផ្ទាល់ ដែលមានជីវិតរស់នៅថា ព្រះអម្ចាស់បានឃាត់លោកមិនឲ្យទៅបង្ហូរឈាម ដើម្បីសងសឹក ដោយដៃរបស់លោកម្ចាស់ផ្ទាល់ឡើយ។ សូមឲ្យខ្មាំងសត្រូវរបស់លោកម្ចាស់ ព្រមទាំងអស់អ្នកដែលចង់ធ្វើអាក្រក់ចំពោះលោកម្ចាស់ ទទួលទោសដូចលោកណាបាលដែរ។
27. សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។