១ សាំយូ‌អែល 24:16-22 Khmer Standard Version (KHSV)

16. កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះ‌បាទ​សូល​ចាប់​ផ្ដើម​ទ្រង់​ព្រះ‌កន្សែង​យ៉ាង​ខ្លាំង។

17. បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។

18. ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្ដែង ដ្បិត​ព្រះ‌អម្ចាស់​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។

19. ធម្មតា កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ស្រួលៗ​ទេ។ សូម​ព្រះ‌អម្ចាស់​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​បិតា​នៅ​ថ្ងៃ​នេះ។

20. បិតា​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណា‌ចក្រ​អ៊ីស្រា‌អែល​នឹង​បាន​ស្ថិត‌ស្ថេរ ក្រោម​ការ​គ្រប់‌គ្រង​របស់​កូន។

21. ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​បិតា ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។

22. លោក​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច។ បន្ទាប់​មក ព្រះ‌បាទ​សូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

១ សាំយូ‌អែល 24