14. តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។
15. សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។
16. កាលលោកដាវីឌទូលសេចក្ដីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសូលចាប់ផ្ដើមទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។
17. បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។
18. ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។
19. ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។
20. បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។
21. ដូច្នេះ សូមកូនស្បថក្នុងនាមព្រះអម្ចាស់ឥឡូវនេះចុះថា កូននឹងមិនបំផ្លាញពូជពង្សរបស់បិតាដែលនៅជំនាន់ក្រោយទេ ហើយក៏មិនធ្វើឲ្យឈ្មោះរបស់បិតា ត្រូវលុបបំបាត់ចេញពីក្រុមគ្រួសាររបស់បិតាដែរ»។