១ សាំយូ‌អែល 24:1-6 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្ដេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-‌គេឌី»។

2. ស្ដេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។

3. ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

4. អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល។

5. ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។

6. លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះ‌អម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះ‌រាជា ដែល​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ជា​ស្ដេច​នេះ​ទេ»។

១ សាំយូ‌អែល 24