1. កាលព្រះបាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។
2. ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។
3. ព្រះបាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។
4. អស់អ្នកដែលនៅជាមួយជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសូល។
5. ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះភូសារបស់ព្រះបាទសូលរួចហើយ ចិត្តរបស់លោកញាប់ញ័រជាខ្លាំង។
6. លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ទប់ខ្ញុំ កុំឲ្យធ្វើគុតម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែលព្រះអម្ចាស់បានតែងតាំងជាស្ដេចនេះទេ»។
7. លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសម្ដីទាំងនោះ គឺលោកហាមពួកគេមិនឲ្យធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។
8. បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌអោនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។
9. លោកទូលថា៖ «ហេតុអ្វីបានជាព្រះករុណាចេះតែសណ្ដាប់ពាក្យរបស់អស់អ្នកដែលទូលស្ដេចថា “ដាវីឌចង់ព្យាបាទព្រះករុណា”ដូច្នេះ?
10. ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។
11. បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបឲ្យច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។
12. សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យទូលបង្គំ ចំពោះអំពើដែលព្រះករុណាប្រព្រឹត្តដល់ទូលបង្គំ។ រីឯទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាទេ