១ សាំយូ‌អែល 23:9-22 Khmer Standard Version (KHSV)

9. លោក​ដាវីឌ​ជ្រាប​អំពី​គម្រោង‌ការ​អាក្រក់​ដែល​ព្រះ‌បាទ​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​ឲ្យ​បូជា‌ចារ្យ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះ‌អម្ចាស់។

10. លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទូលបង្គំ​ឮ​ថា ព្រះ‌បាទ​សូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កម្ទេច​ក្រុង​នេះ ព្រោះ​តែ​ទូលបង្គំ។

11. តើ​អ្នក​ក្រុង​កៃឡា​នឹង​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ឬ​ទេ? តើ​ស្ដេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូលបង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្ដេច​សូល​នឹង​មក​មែន»។

12. លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូលបង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូលបង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។

13. ពេល​នោះ លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ ស្ដេច​ក៏​លែង​ដេញ​តាម​លោក​ដាវីឌ។

14. លោក​ដាវីឌ​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ព្រះ‌បាទ​សូល​តាម​រក​លោក​ដាវីឌ​ជា‌និច្ច តែ​ព្រះ‌ជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។

15. លោក​ដាវីឌ​ដឹង​ថា ព្រះ‌បាទ​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។

16. ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់

17. ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌បាទ​សូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះ‌បាទ​សូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។

18. លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​វិល​ត្រឡប់​មក​កាន់​ទី​លំ‌នៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េ‌សា​ដដែល។

19. អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល​នៅ​គីបៀរ ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េ‌សា លើ​ភ្នំ​ហា‌គី‌ឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។

20. បពិត្រ​ព្រះ‌ករុណា បើ​សិន​ជា​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ សូម​យាង​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ថ្វាយ​ព្រះ‌ករុណា»។

21. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺ‌ឆ្អាល​ខ្ញុំ។

22. ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។

១ សាំយូ‌អែល 23