8. ព្រះបាទសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់លោកដាវីឌ និងបក្សពួកនៅក្រុងកៃឡា។
9. លោកដាវីឌជ្រាបអំពីគម្រោងការអាក្រក់ដែលព្រះបាទសូលគ្រោងទុក ដើម្បីប្រឆាំងនឹងលោក លោកក៏សុំឲ្យបូជាចារ្យអបៀថើរយកអាវអេផូដមក ដើម្បីទូលសួរព្រះអម្ចាស់។
10. លោកដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទូលបង្គំឮថា ព្រះបាទសូលបម្រុងនឹងមកក្រុងកៃឡា ដើម្បីកម្ទេចក្រុងនេះ ព្រោះតែទូលបង្គំ។
11. តើអ្នកក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ? តើស្ដេចនឹងយាងមកវាយក្រុងនេះ ដូចគេប្រាប់ទូលបង្គំនោះមែនឬទេ។ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមមេត្តាប្រាប់ឲ្យទូលបង្គំដឹងផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្ដេចសូលនឹងមកមែន»។
12. លោកដាវីឌទូលសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំ ព្រមទាំងអស់អ្នកដែលនៅជាមួយទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។
13. ពេលនោះ លោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេទូលព្រះបាទសូលថា លោកដាវីឌបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះ ស្ដេចក៏លែងដេញតាមលោកដាវីឌ។
14. លោកដាវីឌទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ព្រះបាទសូលតាមរកលោកដាវីឌជានិច្ច តែព្រះជាម្ចាស់មិនប្រគល់លោកដាវីឌទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចឡើយ។
15. លោកដាវីឌដឹងថា ព្រះបាទសូលតែងលើកទ័ពស្វែងរកសម្លាប់លោក ដូច្នេះ លោកស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។
16. ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល បានទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីលើកទឹកចិត្តលោកឲ្យពឹងផ្អែកលើព្រះជាម្ចាស់
17. ដោយពោលថា៖ «កុំខ្លាចអ្វីឡើយ! ព្រះបាទសូល ជាបិតាខ្ញុំ មិនអាចធ្វើអ្វីលោកប្អូនទេ ដ្បិតលោកប្អូននឹងសោយរាជ្យលើជនជាតិអ៊ីស្រាអែល រីឯខ្ញុំវិញ ខ្ញុំគ្រាន់តែជាអ្នកបន្ទាប់ពីលោកប្អូនប៉ុណ្ណោះ។ ព្រះបាទសូលជាបិតាខ្ញុំ ក៏ជ្រាបការនេះដែរ»។
18. លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ បន្ទាប់មក សម្ដេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯលោកដាវីឌស្នាក់នៅហូរ៉េសាដដែល។