23. ចូរទៅពិនិត្យឲ្យច្បាស់ ហើយស៊ើបអំពីកន្លែងទាំងប៉ុន្មានដែលវាធ្លាប់ពួន រួចត្រឡប់មករកយើងវិញ ដោយនាំពត៌មានច្បាស់លាស់មកផង នោះយើងនឹងទៅជាមួយអ្នករាល់គ្នា។ ប្រសិនបើវានៅក្នុងស្រុកមែននោះ យើងនឹងរកវាគ្រប់ទីកន្លែងក្នុងទឹកដីយូដា រហូតទាល់តែបានឃើញ»។
24. ពួកគេក៏ចេញទៅមុនព្រះបាទសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។
25. ព្រះបាទសូល ព្រមទាំងពលទាហាន ចេញទៅតាមរកលោកដាវីឌ។ មានគេប្រាប់ដំណឹងនេះដល់លោកដាវីឌ លោកក៏ទៅពួននៅតាមផ្ទាំងថ្ម ក្នុងវាលរហោស្ថានម៉ាអូន។ កាលព្រះបាទសូលជ្រាបហើយ ទ្រង់តាមរកលោកនៅវាលរហោស្ថាននោះ។
26. ព្រះបាទសូលដើរតាមជម្រាលភ្នំម្ខាង រីឯលោកដាវីឌ និងពួកលោកដើរតាមជម្រាលភ្នំម្ខាងទៀត។ លោកប្រញាប់ប្រញាល់រត់គេចពីព្រះបាទសូល ប៉ុន្តែ ព្រះបាទសូល និងពលទាហាន បានព័ទ្ធ ហើយបម្រុងនឹងចាប់ខ្លួនពួកលោក។
27. ពេលនោះ ស្រាប់តែមានអ្នកនាំសារម្នាក់មកទូលព្រះបាទសូលថា៖ «សូមស្ដេចយាងទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។
28. ព្រះបាទសូលក៏ឈប់ដេញតាមលោកដាវីឌ ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា»។
29. លោកដាវីឌចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។