១ សាំយូ‌អែល 23:21-29 Khmer Standard Version (KHSV)

21. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺ‌ឆ្អាល​ខ្ញុំ។

22. ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។

23. ចូរ​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ពត៌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ»។

24. ពួក​គេ​ក៏​ចេញ​ទៅ​មុន​ព្រះ‌បាទ​សូល វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ​វិញ។ ពេល​នោះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ស្ថិត​នៅ​វាល​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ី‌ម៉ូន។

25. ព្រះ‌បាទ​សូល ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​លោក​ដាវីឌ។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​លោក​ដាវីឌ លោក​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ព្រះ‌បាទ​សូល​ជ្រាប​ហើយ ទ្រង់​តាម​រក​លោក​នៅ​វាល​រហោ‌ស្ថាន​នោះ។

26. ព្រះ‌បាទ​សូល​ដើរ​តាម​ជម្រាល​ភ្នំ​ម្ខាង រីឯ​លោក​ដាវីឌ និង​ពួក​លោក​ដើរ​តាម​ជម្រាល​ភ្នំ​ម្ខាង​ទៀត។ លោក​ប្រញាប់‌ប្រញាល់​រត់​គេច​ពី​ព្រះ‌បាទ​សូល ប៉ុន្តែ ព្រះ‌បាទ​សូល និង​ពល​ទាហាន បាន​ព័ទ្ធ ហើយ​បម្រុង​នឹង​ចាប់​ខ្លួន​ពួក​លោក។

27. ពេល​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​មក​ទូល​ព្រះ‌បាទ​សូល​ថា៖ «សូម​ស្ដេច​យាង​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។

28. ព្រះ‌បាទ​សូល​ក៏​ឈប់​ដេញ​តាម​លោក​ដាវីឌ ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»។

29. លោក​ដាវីឌ​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​នៅ​អេន-‌គេឌី ជា​កន្លែង​មួយ​ដែល​ពិបាក​ទៅ​ដល់។

១ សាំយូ‌អែល 23