1. ថ្ងៃមួយ មានមនុស្សម្នាក់មកប្រាប់លោកដាវីឌថា៖ «ពួកភីលីស្ទីនមកវាយក្រុងកៃឡា ហើយប្លន់យកស្រូវពីលានបោកបែន»។
2. លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។
3. ប៉ុន្តែ អស់អ្នកដែលនៅជាមួយលោកដាវីឌ ជម្រាបលោកថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទំរាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។
4. លោកដាវីឌទូលសួរព្រះអម្ចាស់ជាថ្មី ព្រះអង្គមានព្រះបន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។
5. លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ លោកដាវីឌរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។
6. កាលលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេក ភៀសខ្លួនមកជ្រកជាមួយលោកដាវីឌនៅក្រុងកៃឡា លោកបាននាំអាវអេផូដ*មកជាមួយផង។
7. មានគេមកទូលព្រះបាទសូលថា លោកដាវីឌបានទៅដល់ក្រុងកៃឡា។ ព្រះបាទសូលក៏មានរាជឱង្ការថា៖ «ព្រះជាម្ចាស់ប្រគល់វាមកក្នុងកណ្ដាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក»។
8. ព្រះបាទសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់លោកដាវីឌ និងបក្សពួកនៅក្រុងកៃឡា។
9. លោកដាវីឌជ្រាបអំពីគម្រោងការអាក្រក់ដែលព្រះបាទសូលគ្រោងទុក ដើម្បីប្រឆាំងនឹងលោក លោកក៏សុំឲ្យបូជាចារ្យអបៀថើរយកអាវអេផូដមក ដើម្បីទូលសួរព្រះអម្ចាស់។
10. លោកដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទូលបង្គំឮថា ព្រះបាទសូលបម្រុងនឹងមកក្រុងកៃឡា ដើម្បីកម្ទេចក្រុងនេះ ព្រោះតែទូលបង្គំ។
11. តើអ្នកក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ? តើស្ដេចនឹងយាងមកវាយក្រុងនេះ ដូចគេប្រាប់ទូលបង្គំនោះមែនឬទេ។ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមមេត្តាប្រាប់ឲ្យទូលបង្គំដឹងផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្ដេចសូលនឹងមកមែន»។
12. លោកដាវីឌទូលសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំ ព្រមទាំងអស់អ្នកដែលនៅជាមួយទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។