7. ស្ដេចមានរាជឱង្ការទៅកាន់រាជបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅបេនយ៉ាមីនអើយ! ចូរស្ដាប់យើង! តើកូនលោកអ៊ីសាយមានផ្ដល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?
8. អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា បុត្ររបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា បុត្រយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។
9. លោកដូអេក ជនជាតិអេដុម ដែលឈរនៅជាមួយរាជបម្រើរបស់ព្រះបាទសូល ទូលស្ដេចថា៖ «ទូលបង្គំបានឃើញកូនរបស់លោកអ៊ីសាយទៅភូមិណូប ជួបនឹងលោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប។
10. លោកអហ៊ីម៉ាឡេកបានទូលសួរព្រះអម្ចាស់ តាមសំណូមពររបស់ដាវីឌ។ លោកបានផ្ដល់ស្បៀងអាហារ និងឲ្យដាវរបស់កូលីយ៉ាតជាជនជាតិភីលីស្ទីន ទៅគាត់ផង»។
11. ព្រះបាទសូលចាត់គេឲ្យទៅហៅបូជាចារ្យអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់លោក និងក្រុមបូជាចារ្យ នៅភូមិណូបឲ្យមក។ ពួកគេក៏មកគាល់ស្ដេចទាំងអស់គ្នា។
12. ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរស្ដាប់! កូនរបស់លោកអហ៊ីទូប!»។ លោកបូជាចារ្យទូលថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។
13. ស្ដេចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្ដល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូលសួរព្រះជាម្ចាស់ តាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
14. លោកអហ៊ីម៉ាឡេកទូលស្ដេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ព្រះករុណា តើមាននរណាស្មោះត្រង់ដូចលោកដាវីឌ? លោកជាកូនប្រសារបស់ព្រះករុណា ជាមេទ័ពនៃកងរក្សាព្រះមហាក្សត្រ និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។
15. ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលទូលបង្គំទូលសួរព្រះជាម្ចាស់ជូនលោក។ ទូលបង្គំគ្មានគំនិតក្បត់ព្រះករុណាសោះ! សូមព្រះករុណាមេត្តាកុំទម្លាក់ទោសមកលើទូលបង្គំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្ដី»។
16. ស្ដេចមានរាជឱង្ការថា៖ «អហ៊ីម៉ាឡេក! លោក និងក្រុមគ្រួសារទាំងមូលរបស់លោក ត្រូវតែស្លាប់!»។
17. ស្ដេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្ដេចថា៖ «ចូរនាំគ្នាសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយដាវីឌដែរ គឺពួកគេដឹងថា ដាវីឌរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ រាជបម្រើរបស់ព្រះបាទសូល មិនព្រមលើកដៃសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ឡើយ។
18. ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។