18. ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។
19. បន្ទាប់មក ព្រះបាទសូលកាប់សម្លាប់រង្គាលមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ព្រមទាំងគោ លា និងចៀមនៅភូមិណូប ដែលជាភូមិរបស់ពួកបូជាចារ្យ។
20. ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួនទៅជ្រកកោនជាមួយលោកដាវីឌ។
21. លោកអបៀថើរជម្រាបលោកដាវីឌថា ព្រះបាទសូលបានសម្លាប់រង្គាលពួកបូជាចារ្យរបស់ព្រះអម្ចាស់។
22. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអបៀថើរថា៖ «ពីថ្ងៃមុន ពេលឃើញដូអេក ជាជនជាតិអេដុម នៅភូមិណូប ខ្ញុំដឹងថាគាត់ប្រាកដជាទៅរាយការណ៍ថ្វាយស្ដេចមិនខាន។ ដូច្នេះ រូបខ្ញុំនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកស្លាប់ទាំងអស់គ្នា។
23. ឥឡូវនេះ សូមលោកនៅជាមួយខ្ញុំសិនហើយ កុំភ័យខ្លាចអ្វី ដ្បិតអ្នកដែលចង់ប្រហារជីវិតខ្ញុំ ក៏ចង់ប្រហារជីវិតលោកដែរ បើនៅជាមួយខ្ញុំ លោកនឹងបានសេចក្ដីសុខ»។