17. ស្ដេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្ដេចថា៖ «ចូរនាំគ្នាសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយដាវីឌដែរ គឺពួកគេដឹងថា ដាវីឌរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ រាជបម្រើរបស់ព្រះបាទសូល មិនព្រមលើកដៃសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ឡើយ។
18. ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។
19. បន្ទាប់មក ព្រះបាទសូលកាប់សម្លាប់រង្គាលមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ព្រមទាំងគោ លា និងចៀមនៅភូមិណូប ដែលជាភូមិរបស់ពួកបូជាចារ្យ។