15. ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលទូលបង្គំទូលសួរព្រះជាម្ចាស់ជូនលោក។ ទូលបង្គំគ្មានគំនិតក្បត់ព្រះករុណាសោះ! សូមព្រះករុណាមេត្តាកុំទម្លាក់ទោសមកលើទូលបង្គំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្ដី»។
16. ស្ដេចមានរាជឱង្ការថា៖ «អហ៊ីម៉ាឡេក! លោក និងក្រុមគ្រួសារទាំងមូលរបស់លោក ត្រូវតែស្លាប់!»។
17. ស្ដេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្ដេចថា៖ «ចូរនាំគ្នាសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយដាវីឌដែរ គឺពួកគេដឹងថា ដាវីឌរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ រាជបម្រើរបស់ព្រះបាទសូល មិនព្រមលើកដៃសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ឡើយ។
18. ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។
19. បន្ទាប់មក ព្រះបាទសូលកាប់សម្លាប់រង្គាលមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ព្រមទាំងគោ លា និងចៀមនៅភូមិណូប ដែលជាភូមិរបស់ពួកបូជាចារ្យ។
20. ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួនទៅជ្រកកោនជាមួយលោកដាវីឌ។
21. លោកអបៀថើរជម្រាបលោកដាវីឌថា ព្រះបាទសូលបានសម្លាប់រង្គាលពួកបូជាចារ្យរបស់ព្រះអម្ចាស់។
22. លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអបៀថើរថា៖ «ពីថ្ងៃមុន ពេលឃើញដូអេក ជាជនជាតិអេដុម នៅភូមិណូប ខ្ញុំដឹងថាគាត់ប្រាកដជាទៅរាយការណ៍ថ្វាយស្ដេចមិនខាន។ ដូច្នេះ រូបខ្ញុំនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកស្លាប់ទាំងអស់គ្នា។