13. ស្ដេចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្ដល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូលសួរព្រះជាម្ចាស់ តាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
14. លោកអហ៊ីម៉ាឡេកទូលស្ដេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ព្រះករុណា តើមាននរណាស្មោះត្រង់ដូចលោកដាវីឌ? លោកជាកូនប្រសារបស់ព្រះករុណា ជាមេទ័ពនៃកងរក្សាព្រះមហាក្សត្រ និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។
15. ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលទូលបង្គំទូលសួរព្រះជាម្ចាស់ជូនលោក។ ទូលបង្គំគ្មានគំនិតក្បត់ព្រះករុណាសោះ! សូមព្រះករុណាមេត្តាកុំទម្លាក់ទោសមកលើទូលបង្គំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្ដី»។
16. ស្ដេចមានរាជឱង្ការថា៖ «អហ៊ីម៉ាឡេក! លោក និងក្រុមគ្រួសារទាំងមូលរបស់លោក ត្រូវតែស្លាប់!»។
17. ស្ដេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្ដេចថា៖ «ចូរនាំគ្នាសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយដាវីឌដែរ គឺពួកគេដឹងថា ដាវីឌរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ រាជបម្រើរបស់ព្រះបាទសូល មិនព្រមលើកដៃសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ឡើយ។
18. ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។
19. បន្ទាប់មក ព្រះបាទសូលកាប់សម្លាប់រង្គាលមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ព្រមទាំងគោ លា និងចៀមនៅភូមិណូប ដែលជាភូមិរបស់ពួកបូជាចារ្យ។