1. លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។
2. ម្យ៉ាងទៀត អស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្ដេច បានប្រមូលគ្នាមកនៅជាមួយលោក មានទាំងអស់ប្រមាណបួនរយនាក់ ហើយលោកក៏ឡើងធ្វើជាមេ។
3. បន្ទាប់មក លោកដាវីឌចាកចេញពីទីនោះឆ្ពោះទៅមីសប៉ា នៅស្រុកម៉ូអាប់។ លោកទូលស្ដេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ព្រះករុណា រហូតដល់ពេលទូលបង្គំដឹងថា ព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងណាចំពោះទូលបង្គំ»។
4. លោកដាវីឌបាននាំឪពុកម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។
5. ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ លោកដាវីឌក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
6. ព្រះបាទសូលជ្រាបថា មានគេឃើញលោកដាវីឌ និងបក្សពួក។ ពេលនោះ ស្ដេចកំពុងគង់នៅភូមិគីបៀរ ក្រោមម្លប់ម៉ៃសាក់នៅលើភ្នំ ស្ដេចកាន់លំពែងមួយ ហើយរាជបម្រើទាំងប៉ុន្មានឈរនៅជុំវិញ។
7. ស្ដេចមានរាជឱង្ការទៅកាន់រាជបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅបេនយ៉ាមីនអើយ! ចូរស្ដាប់យើង! តើកូនលោកអ៊ីសាយមានផ្ដល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?
8. អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា បុត្ររបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា បុត្រយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។
9. លោកដូអេក ជនជាតិអេដុម ដែលឈរនៅជាមួយរាជបម្រើរបស់ព្រះបាទសូល ទូលស្ដេចថា៖ «ទូលបង្គំបានឃើញកូនរបស់លោកអ៊ីសាយទៅភូមិណូប ជួបនឹងលោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប។
10. លោកអហ៊ីម៉ាឡេកបានទូលសួរព្រះអម្ចាស់ តាមសំណូមពររបស់ដាវីឌ។ លោកបានផ្ដល់ស្បៀងអាហារ និងឲ្យដាវរបស់កូលីយ៉ាតជាជនជាតិភីលីស្ទីន ទៅគាត់ផង»។