41. ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ អោនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។
42. បន្ទាប់មក សម្ដេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមព្រះអម្ចាស់ថា “សូមព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ លោកដាវីឌប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្ដេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។