១ សាំយូ‌អែល 20:30-35 Khmer Standard Version (KHSV)

30. ព្រះ‌បាទ​សូល​ខ្ញាល់​នឹង​សម្ដេច​យ៉ូណា‌ថាន​យ៉ាង​ខ្លាំង ស្ដេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​អ៊ីសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន!

31. តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។

32. សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។

33. ព្រះ‌បាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណា‌ថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។

34. សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។

35. ព្រឹក​ឡើង សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្ដេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។

១ សាំយូ‌អែល 20