26. នៅថ្ងៃនោះ ព្រះបាទសូលមិនសួរនាំអ្វីឡើយ ដោយស្ដេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះលោកដាវីឌ ធ្វើឲ្យលោកក្លាយទៅមិនបរិសុទ្ធ គឺលោកពិតជាមិនបរិសុទ្ធមែន។
27. នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសូលសួរសម្ដេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។
28. សម្ដេចយ៉ូណាថានទូលថា៖ «ដាវីឌបានទទូចអង្វរសូមអនុញ្ញាតពីទូលបង្គំទៅឯបេថ្លេហិម
29. ដោយប្រាប់ថា “សូមអនុញ្ញាតឲ្យខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវថ្វាយយញ្ញបូជា នៅទីនោះ ហើយបងប្រុសខ្ញុំបានផ្ដាំឲ្យខ្ញុំទៅចូលរួម។ បើសម្ដេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតឲ្យខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់បិតា»។
30. ព្រះបាទសូលខ្ញាល់នឹងសម្ដេចយ៉ូណាថានយ៉ាងខ្លាំង ស្ដេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន!
31. តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។
32. សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតាថា៖ «ហេតុអ្វីបានជាគេត្រូវស្លាប់ តើគេបានធ្វើអ្វី?»។
33. ព្រះបាទសូលក៏គប់លំពែងតម្រង់ទៅសម្ដេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្ដេចយ៉ូណាថានជ្រាបថា បិតាពិតជាបានសម្រេចព្រះហឫទ័យសម្លាប់លោកដាវីឌ។
34. សម្ដេចក្រោកចេញពីតុ ដោយខ្ញាល់យ៉ាងខ្លាំង ហើយមិនខ្ចីសោយអាហារនៅថ្ងៃទីពីរនៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្ដេចព្រួយបារម្ភអំពីលោកដាវីឌ ដែលបិតាបានជេរប្រមាថ។
35. ព្រឹកឡើង សម្ដេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្ដេចនាំក្មេងម្នាក់ទៅជាមួយផង។
36. សម្ដេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្ដេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។