25. ស្ដេចគង់នៅជិតជញ្ជាំងដូចសព្វមួយដង សម្ដេចយ៉ូណាថានគង់នៅទល់មុខ លោកអប៊ីនើរអង្គុយនៅក្បែរស្ដេច តែកន្លែងរបស់លោកដាវីឌនៅទំនេរ។
26. នៅថ្ងៃនោះ ព្រះបាទសូលមិនសួរនាំអ្វីឡើយ ដោយស្ដេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះលោកដាវីឌ ធ្វើឲ្យលោកក្លាយទៅមិនបរិសុទ្ធ គឺលោកពិតជាមិនបរិសុទ្ធមែន។
27. នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសូលសួរសម្ដេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។
28. សម្ដេចយ៉ូណាថានទូលថា៖ «ដាវីឌបានទទូចអង្វរសូមអនុញ្ញាតពីទូលបង្គំទៅឯបេថ្លេហិម
29. ដោយប្រាប់ថា “សូមអនុញ្ញាតឲ្យខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវថ្វាយយញ្ញបូជា នៅទីនោះ ហើយបងប្រុសខ្ញុំបានផ្ដាំឲ្យខ្ញុំទៅចូលរួម។ បើសម្ដេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតឲ្យខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់បិតា»។
30. ព្រះបាទសូលខ្ញាល់នឹងសម្ដេចយ៉ូណាថានយ៉ាងខ្លាំង ស្ដេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន!
31. តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។
32. សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតាថា៖ «ហេតុអ្វីបានជាគេត្រូវស្លាប់ តើគេបានធ្វើអ្វី?»។
33. ព្រះបាទសូលក៏គប់លំពែងតម្រង់ទៅសម្ដេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្ដេចយ៉ូណាថានជ្រាបថា បិតាពិតជាបានសម្រេចព្រះហឫទ័យសម្លាប់លោកដាវីឌ។
34. សម្ដេចក្រោកចេញពីតុ ដោយខ្ញាល់យ៉ាងខ្លាំង ហើយមិនខ្ចីសោយអាហារនៅថ្ងៃទីពីរនៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្ដេចព្រួយបារម្ភអំពីលោកដាវីឌ ដែលបិតាបានជេរប្រមាថ។
35. ព្រឹកឡើង សម្ដេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្ដេចនាំក្មេងម្នាក់ទៅជាមួយផង។
36. សម្ដេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្ដេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។
37. ពេលក្មេងនោះរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ សម្ដេចយ៉ូណាថានស្រែកឡើងថា៖ «ព្រួញធ្លាក់នៅឆ្ងាយពីឯងមែនទេ!
38. ចូរប្រញាប់រត់ទៅ កុំឈប់ឡើយ!»។ ក្មេងនោះក៏រើសព្រួញ ហើយត្រឡប់មករកចៅហ្វាយវិញ។
39. វាពុំដឹងអ្វីទាំងអស់ គឺមានតែសម្ដេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។
40. សម្ដេចយ៉ូណាថានប្រគល់ធ្នូ និងព្រួញឲ្យក្មេងបម្រើ ហើយប្រាប់វាឲ្យយកទៅទីក្រុងវិញ។
41. ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ អោនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។