10. លោកដាវីឌសួរថា៖ «ប្រសិនបើបិតារបស់បងឆ្លើយមកបងវិញទាំងខ្ញាល់នោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។
11. សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។
12. សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «ខ្ញុំសូមសន្យាក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលព្រះហឫទ័យបិតារបស់ខ្ញុំ។ ប្រសិនបើទ្រង់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ
13. សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។
14. ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។
15. ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។
16. ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។
17. សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
18. សម្ដេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។
19. ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។
20. ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។
21. បន្ទាប់មក ខ្ញុំប្រើក្មេងបម្រើខ្ញុំឲ្យទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្ដីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា គ្មានបញ្ហាអ្វីទេ!