26. រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។
27. មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់បានមកជួបលោកអេលី ពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:“កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្ដេចផារ៉ោន យើងបានសម្តែងឲ្យគេស្គាល់យើង។
28. យើងជ្រើសរើសអើរ៉ុន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រាអែល ឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដ* បម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រាអែលយកមកដុតជាតង្វាយដល់យើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។
29. ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយ ដែលយើងបង្គាប់ឲ្យប្រជាជនយកមកថ្វាយ នៅក្នុងដំណាក់របស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្ដោយឲ្យកូនយកចំណែកតង្វាយល្អៗរបស់ជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?”
30. ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!
31. ទៅអនាគត យើងនឹងធ្វើឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក បាក់កម្លាំង ហើយក្នុងពូជពង្សរបស់អ្នក គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។
32. អ្នកនឹងឃើញគូវិវាទរបស់អ្នក ស្ថិតនៅក្នុងដំណាក់របស់យើង។ ប្រជាជនអ៊ីស្រាអែលនឹងទទួលសេចក្ដីសុខចម្រើន ដោយសារអ្នកនោះ រីឯក្នុងពូជពង្សរបស់អ្នកវិញ គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។
33. ទោះជាយ៉ាងណាក្ដី យើងនឹងទុកឲ្យមានមនុស្សម្នាក់ក្នុងពូជពង្សរបស់អ្នក បំពេញមុខងារនៅជិតអាសនៈរបស់យើង ដើម្បីឲ្យអ្នកឈឺចិត្ត និងបាត់បង់សេចក្ដីសង្ឃឹម។ រីឯកូនចៅឯទៀតៗរបស់អ្នកដែលកើតមកតាមក្រោយ នឹងត្រូវស្លាប់ ក្នុងពេលកំពុងតែពេញវ័យ។
34. អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសម្គាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។
35. បន្ទាប់មក យើងជ្រើសរើសយកបូជាចារ្យមួយរូប ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្ដេចដែលយើងចាក់ប្រេងអភិសេកជារៀងរហូត។
36. ពេលនោះ ពូជពង្សរបស់អ្នកដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទ នៅបំពេញការងារជាបូជាចារ្យជាមួយលោក ដើម្បីឲ្យខ្ញុំប្របាទមានអាហារខ្លះសម្រាប់បរិភោគផង”»។